ថ្ងៃព្រហស្បតិ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោកជំទាវ ហ៊ុន ប៊ុនធឿន បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់អណ្តូងទឹកចំនួន៤ ដែលគិតជាទឹកប្រាក់សរុបចំនួន ៧ ពាន់ ២ រយដុល្លារអាមេរិកដែលជាអំណោយរបស់ឯកឧត្តមបណ្ឌិត និងក្រុមគ្រួសារជូនប្រជាពលរដ្ឋ ស្ថិតនៅភូមិសំរ៉ង ឃុំឃ្សឹមស្រុកស្នួល ខេត្តក្រចេះ និងពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា ០១ ខ្នង មាន ៤ បន្ទប់ សាងសង់អំពីឥដ្ឋប្រក់ក្បឿង មាន បណ្តោយប្រវែង ៣០ ម៉ែត្រ ទទឹង ៨ ម៉ែត្រ ៦០ កំពស់ ៧ ម៉ែត្រ បង្គន់អនាម័យ ២ បន្ទប់ និងអណ្តូងទឹកស្អាតប្រើម៉ូទ័របូមចំនួន ១ ស្ថិតក្នុងសាលាបឋមសិក្សាជ្រោះជ្រៅពោធិសាល ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ដោយចំណាយថវិកាសាងសង់អស់ចំនួន ៦ ម៉ឺន ដុល្លារអាមេរិក ជាអំណោយពីអង្គការជប៉ុន អាជីណូម៉ូតុ គ្រុប លេបឺរ យូញាន (Ajinomoto Group Labor Union)សម្របសម្រួលដោយអង្គការជំនួយខ្មែរនៃសតវត្សរ៍ទី ២១ មានលោក អាអុគិ ថាកាយូគិ (Aoki Takayuki) និងលោក ហ៊ន់ ស៊ាងហុង ជាតំណាង។
ឯកឧត្តមបណ្ឌិតក៏បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ប្រមុខដឹកនាំកំពូលរបស់ប្រទេសដែលមានសម្តេចតេជោ ហ៊ុន សែន ជាមគ្គុទ្ទេសក៍ដ៏ឆ្នើមក្នុងការស្វែងរកសុខសន្តិភាព និងការអភិវឌ្ឍន៍ជូនមាតុភូមិ ហើយឯកឧត្តមក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋបន្តអនុវត្តនូវវិធានការ ៣កុំ ៣ការពារស្របតាមការណែនាំរបស់ក្រសួងសុខាភិបាលផងដែរដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ១៩។
ក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង និងលោកជំទាវ ព្រមទាំងក្រុមការងារ បាននាំយកអំណោយមាន ក្រមា និងថវិកា ចែកជូនបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីនោះផងដែរ ។