បាត់ដំបង នៅថ្ងៃ១១កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី១៥ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាពក្នុងពិធីចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ ស្ថិតក្នុងភូមិសំរោង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដល់ម្ចាស់កម្មសិទ្ធិ ចំនួន២៨០គ្រួសារ ស្មើ ៣៤៩ក្បាលដី លើផ្ទៃដីជាង១ ០០០ហិកតា ។
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា ដោយសារតែការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចក្នុងការប្រគល់ដីជូនប្រជាពលរដ្ឋ ឱ្យជាម្ចាស់កម្មសិទ្ធិពេញលេញ បន្ទាប់ពីធ្វើការវាស់វែង និងចុះបញ្ជីដីធ្លី ដូចជាការកំណត់ព្រំដី ការងារវាស់វែង យ៉ាងមានសុក្រឹតភាពទៅតាមនីតិវិធីនៃច្បាប់ ។ ចំពោះសន្លឹកវិញ្ញាណបនបត្រនេះ មិនអាចមានការក្លែងបន្លំបានឡើយ ព្រោះនៅលើសន្លឹកប័ណ្ណមានភ្ជាប់ជាមួយនឹងQR Code ដែលគ្រាន់តែស្គែនភ្លាមចេញទិន្នន័យច្បាស់មកទាំងអស់ ទោះបីជាព្យាយាមបំផ្លាញសន្លឹកប័ណ្ណបំបាត់ភស្ដុតាងក៏ដោយ ក៏ទិន្នន័យមាននៅក្នុងប្រព័ន្ធកុំព្យូទ័រទាំងអស់ ។
ឯកឧត្តមអភិបាលខេត្ត បានធ្វើការក្រើនរម្លឹកដល់ប្រជាពលរដ្ឋ ដែលមានប័ណ្ណកម្មសិទ្ធិរួចហើយ ហើយនៅតែបន្តឈូសឆាយ រំលោភបំពានដល់ដីព្រៃដែលជាសម្បត្តិរបស់រដ្ឋ រដ្ឋបាលខេត្តនឹងធ្វើការចាត់វិធានការទៅផ្លូវច្បាប់ រកឱ្យឃើញនូវមេខ្លោង ដោយមិនមានការលើកលែងឡើយ ព្រមទាំងណែនាំដល់រដ្ឋបាលស្រុក រក្សាភ្នំធម្មជាតិឱ្យបាន ដើម្បីទុកសម្រាប់ផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ និងជាគោលដៅទេសចរណ៍នាពេលអនាគត ។
ឯកឧត្តម សុខ លូ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលទទួលបានកម្មសិទ្ធិដីធ្លីនៅថ្ងៃនេះ សូមមេត្តាកុំយកដីទៅលក់ ត្រូវរក្សាទុកដីនេះដើម្បីអាចប្រើប្រាស់ដីនេះក្នុងការដាំដុះដំណាំផ្សេងៗ ដើម្បីចិញ្ចឹមជីវិត និងផ្គត់ផ្គង់ក្នុងគ្រួសារ ព្រមទាំងអាចទុកបន្តដល់កូនចៅជំនាន់ក្រោយៗផងដែរ ៕