ភ្នំពេញ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១–រសៀលថ្ងៃ១០កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី១៤ ខែធ្នូ ឆ្នាំ២០២១ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា និងជាប្រធានប្រតិភូសភាកម្ពុជា សម្រាប់ចូលរួមសម័យប្រជុំពេញអង្គលើកទី២ នៃ APPF 29 បានដឹកនាំសហការីចូលរួមក្នុងសម័យប្រជុំពេញអង្គលើកទី២ នៃវេទិកាសភាអាស៊ី ប៉ាស៊ីហ្វិក លើកទី២៩ តាមប្រព័ន្ធនិម្មិត ដែលភ្ជាប់ពីវិមានរដ្ឋសភាកម្ពុជា ទៅកាន់រដ្ឋធានីសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ។
សម័យប្រជុំពេញអង្គលើកទី២នេះ ដឹកនាំសម្របសម្រួលដោយ ឯកឧត្ដម Jang hyun Yun មកពីលេខាធិការដ្ឋានសភា នៃសាធារណរដ្ឋកូរ៉េ នឹងធ្វើការពិចារណាលើបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដោយផ្តោតទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីភាពធន់នឹងសេដ្ឋកិច្ចកាន់តែខ្លាំង និងការស្តារសេដ្ឋកិច្ចដែលរួមបញ្ចូលការពន្លឿនសេដ្ឋកិច្ចឌីជីថល និងការលើកកម្ពស់ការតភ្ជាប់តួនាទីរបស់សភា ក្នុងការបង្កើនសមាហរណកម្មសេដ្ឋកិច្ច និងជំរុញពាណិជ្ជកម្មក្នុងតំបន់។
លោកជំទាវ និន សាផុន បានថ្លែងបទអន្តរាគមន៍ទៅកាន់សម័យប្រជុំនេះ ដោយបានលើកឡើងថា រយៈពេលជិត២ឆ្នាំមកនេះ មនុស្សជាតិលើពិភពលោកទាំងមូល បាននិងកំពុងបន្តប្រឈមនឹងហានិភ័យធ្ងន់ធ្ងរដែលមិនធ្លាប់មាន លើបញ្ហាសុខភាពសាធារណៈ នៃជំងឺរាត ត្បាតកូវីដ-១៩ រួមទាំងការកើនឡើងនូវភាពតានតឹង នៃស្ថានភាពភូមិសាស្ត្រនយោបាយ សង្គ្រាមពាណិជ្ជកម្ម បច្ចេកវិទ្យា និងការប្រែប្រួលអាកាសធាតុកាន់តែញឹកញាប់ និងអូសបន្លាយដែលទាំងអស់នេះ គឺជាកត្តាជះឥទ្ធិពលដល់ការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសសង្គម សេដ្ឋកិច្ច និងពាណិជ្ជកម្ម ទាំងក្នុងតំបន់ និងសកលលោក។
លោកជំទាវ បានបន្តថា ប្រធានបទកិច្ចប្រជុំស្តីពី “ តួនាទីសភាក្នុងការពង្រឹងសមាហរណកម្មសេដ្ឋកិច្ច និងជំរុញពាណិជ្ជកម្មនៅក្នុងតំបន់ ” គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការពន្លឿននូវការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ពង្រឹងសាមគ្គីភាព និងតម្កល់ផលប្រយោជន៍ប្រជាពលរដ្ឋជាធំ ដោយប្រកាន់ខ្ជាប់នូវយន្តការពហុភាគីនិយម ក្នុងការដោះស្រាយបញ្ហាក្នុងគ្រប់វិស័យ និងពន្លឿនការតភ្ជាប់រវាងសង្គម-សេដ្ឋកិច្ច សំដៅធានាឱ្យការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងពាណិជ្ជកម្ម មានភាពល្អប្រសើរឡើងវិញ ដើម្បីជំរុញរបៀបវារៈនៃការអភិវឌ្ឍរបស់យើងប្រកបដោយចីរភាព និងបរិយាប័ន្ន ។
លោកជំទាវ និន សាផុន បន្ថែមថា កម្ពុជាក៏មិនខុសពីបណ្តាប្រទេសក្នុងតំបន់ និងពិភពលោកដែរ គឺបានយកចិត្តទុកដាក់គិតគូរ និងរៀបចំផែនការដើម្បីស្តារឡើងវិញ នូវសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ-១៩។ ជាមួយគ្នានេះ កម្ពុជាបានប្រកាសជាផ្លូវការនូវក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ២០២១-២០៣៥។ ក្របខ័ណ្ឌនេះកំណត់នូវចក្ខុវិស័យរយៈពេលវែង ដើម្បីកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលដ៏រស់រវើក តាមរយៈការរៀបចំមូលដ្ឋា នគ្រឹះ ជំរុញការទទួលយក និងការធ្វើបរិវត្តកម្មឌីជីថ លនៅក្នុងគ្រប់តួអង្គ ទាំងរដ្ឋ ពលរដ្ឋ និងធុរជន ដើម្បីជំរុញសន្ទុះកំណើនសេដ្ឋកិច្ចថ្មី និងលើកកម្ពស់សុខុមាលភាពសង្គម ដោយផ្អែក លើគន្លងប្រក្រតីភាពថ្មី។
លោកជំទាវប្រធានប្រតិភូបានបញ្ជាក់ថា កន្លងមកសភាកម្ពុជា បានអនុម័តលើកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរីនានា សំដៅពង្រីកទីផ្សារនាំចេញឱ្យកាន់តែទូលំទូលាយ។ សភាកម្ពុជាក៏សំណូមពរដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ទាំងអស់ ដើរតួនាទីជាស្នូលនៃការពង្រឹងប្រព័ន្ធពហុភាគីនិយម ដើម្បីដោះស្រាយបញ្ហាប្រឈម របស់ពិភពលោកឱ្យទទួលបាននូវប្រសិទ្ធភាព ទាំងការរាតត្បាតនៃជំងឺឆ្លង និងការធ្វើឱ្យប្រសើរឡើងវិញនូវសង្គម សេដ្ឋកិច្ចនិងពាណិជ្ជកម្ម។
ចំណែកនៅក្នុងបទអន្តរាគមន៍របស់ប្រតិភូប្រទេសជាសមាជិក APPF ផ្សេងៗទៀតដែលបានចូលរួម គឺបានលើកឡើងលើសារៈសំខាន់ នៃការផ្លាស់ប្តូរឌីជីថល រួមបញ្ចូលនៅក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក សម្រាប់ការស្តារឡើងវិញដោយភាពធន់នឹងជំងឺរាតត្បាត COVID-19 និងបានយល់ស្របលើតម្រូវការ ក្នុងការផ្តល់ការគាំទ្រផ្នែកគោលនយោបាយ ដល់ក្រុមដែលងាយរងគ្រោះក្នុងសង្គម ដូចជា យុវជន មនុស្សចាស់ ស្ត្រី និងជនអន្តោប្រវេសន៍ ព្រមទាំងតម្រូវការក្នុងការពិចារណាលើស្ថាប័ននានា ដើម្បីអនុញ្ញាតឱ្យមានកំណើនរួមគ្នា និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ នៃសាជីវកម្មធំៗ និងសហគ្រាសធុនតូច និងមធ្យម (MS MEs) ក្នុងការសម្រេចបាននូវការងើបឡើងវិញ សេដ្ឋកិច្ចប្រកបដោយនិរន្តរភាព៕